YouVersion Logo
Search Icon

និក្ខមនំ 37

37
1ឯ​បេតសា‌លាល គាត់​ធ្វើ​ហឹប​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​កន្លះ 2ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ទាំង​ខាង​ក្នុង​ខាង​ក្រៅ ហើយ​ធ្វើ​គែម​មាស​នៅ​ជុំវិញ​ផង 3គាត់​សិត​កង​មាស​៤​នៅ​ជ្រុង​ហឹប​ទាំង​៤ គឺ​មាន​២​ម្ខាងៗ 4ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ព្រម​ទាំង​ស្រោប​មាស​ផង 5រួច​គាត់​ប្រហក​ឈើ​ស្នែង​នោះ ចូល​ក្នុង​កង នៅ​សង​ខាង​ហឹប​សំរាប់​នឹង​សែង​ទៅ 6គាត់​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ មាន​បណ្តោយ​២​ហត្ថ​កន្លះ ហើយ​ទទឹង​១​ហត្ថ​កន្លះ 7ក៏​យក​មាស​ឆ្លាក់​ធ្វើ​ចេរូប៊ីន​២​នៅ​ចុង​សង​ខាង​ទី​សន្តោស​ប្រោស 8គឺ​ចេរូប៊ីន​១​នៅ​ចុង​ខាង​នេះ ហើយ​ចេរូប៊ីន​១​ទៀត​នៅ​ចុង​ខាង​នោះ គាត់​បាន​ធ្វើ​ចេរូប៊ីន​ទាំង​២​នោះ​នៅ​ចុង​សង​ខាង ជាប់​លើ​ទី​សន្តោស​ប្រោស 9ឯ​ចេរូប៊ីន​ក៏​ត្រដាង​ស្លាប​គ្រប​ពី​លើ​ទី​សន្តោស​ប្រោស ហើយ​ប្រទល់​មុខ​គ្នា ឈ្ងោក​មើល​ទី​សន្តោស​ប្រោស។
10គាត់​ធ្វើ​តុ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ 11ក៏​ស្រោប​មាស​សុទ្ធ ហើយ​ធ្វើ​គែម​មាស​នៅ​ជុំវិញ 12គាត់​ក៏​ធ្វើ​គែម​កំពស់​១​ទះ​នៅ​ជុំវិញ​តុ​នោះ ហើយ​នៅ​គែម​នោះ​ក៏​ធ្វើ​គែម​មាស​នៅ​ជុំវិញ​ដែរ 13គាត់​សិត​កង​មាស​៤​សំរាប់​តុ រួច​ដាក់​កង​ទាំង​នោះ ភ្ជាប់​នឹង​ជើង​តុ​ទាំង​៤ នៅ​គ្រប់​ជ្រុង 14កង​ទាំង​នោះ​នៅ​ជិត​គែម​តុ សំរាប់​នឹង​ប្រហក​ឈើ​ស្នែង​សែង​ទៅ 15ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​នឹង​សែង​តុ 16ឯ​អស់​ទាំង​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ គឺ​ជា​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​ដែល​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ច្រួច នោះ​គាត់​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។
17គាត់​ក៏​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជើង​ចង្កៀង គឺ​ធ្វើ​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា ទាំង​អស់​ជាប់​ជា​មួយ​គ្នា 18មាន​មែក​៦​ចេញ​ពី​គល់​មក មែក​៣​ចេញ​ខាង​ម្ខាង ហើយ​មែក​៣​ទៀត​ចេញ​ខាង​ម្ខាង 19នៅ​មែក​១​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ផង ហើយ​នៅ​មែក​១​ទៀត​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់​នឹង​ផ្កា​ដែរ មែក​ទាំង​៦ ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​នោះ បាន​ធ្វើ​ដូច​គ្នា​ទាំង​អស់ 20នៅ​គល់​ជើង​ចង្កៀង​មាន​នប់​៤ រាង​ដូច​ជា​គ្រាប់​ចំបក់ ហើយ​មាន​ទាំង​កន្សោម​គ្រាប់​នឹង​ផ្កា​ផង 21នៅ​ក្រោម​មែក​២ មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១ ហើយ​នៅ​ក្រោម​មែក​២​ទៀត​មាន​កន្សោម​គ្រាប់​១​ទៀត មែក​ទាំង​៦​ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​មក មាន​ដូច​គ្នា​ទាំង​អស់ 22កន្សោម​គ្រាប់ ហើយ​នឹង​មែក​ជើង​ចង្កៀង​បាន​ធ្វើ​ជាប់​គ្នា​ឆ្លាក់​ពី​មាស​សុទ្ធ 23គាត់​ក៏​ធ្វើ​ចង្កៀង​ទាំង​៧ ព្រម​ទាំង​ឃ្នាប​ប្រឆេះ នឹង​កន្ថោរ​ដាក់​កំទេច​សំរាប់​ចង្កៀង​នោះ​ពី​មាស​សុទ្ធ​ដែរ 24គឺ​គាត់​យក​មាស​សុទ្ធ​១​ហាប​មក​ធ្វើ​ជើង​ចង្កៀង ហើយ​នឹង​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​ចង្កៀង។
25គាត់​ក៏​ធ្វើ​អាសនា​គ្រឿង​ក្រអូប ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ​៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ក៏​មាន​ស្នែង​ចេញ​ពី​អាសនា​នោះ 26គាត់​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ក៏​ធ្វើ​កែម​មាស​នៅ​ជុំវិញ​ដែរ 27នៅ​ក្រោម​កែម​នោះ គាត់​ធ្វើ​កង​មាស​២​នៅ​ទាំង​សង​ខាង សំរាប់​ប្រហក​ឈើ​ស្នែង​សែង​ទៅ 28ក៏​ធ្វើ​ឈើ​ស្នែង ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។
29រួច​គាត់​ធ្វើ​ប្រេង​ចាក់​លាប ជា​ប្រេង​បរិសុទ្ធ នឹង​គ្រឿង​ក្រអូប​យ៉ាង​សុទ្ធ ផ្សំ​តាម​វិធី​ធ្វើ​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in