YouVersion Logo
Search Icon

នាង​អេស‌ធើរ 2

2
1ក្រោយ​ការ​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់​ស្តេច​អ័ហា‌ស៊ូរុស​បាន​ស្ងប់​ហើយ នោះ​ទ្រង់​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី នឹង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​ខ​សេចក្ដី ដែល​បាន​សំរេច​ដល់​ព្រះ‌នាង​ផង 2នោះ​ពួក​មហា‌តលិក​ទាំង‌ឡាយ​ដែល​បំរើ​ស្តេច​ក៏​ទូល​ទ្រង់​ថា សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ស្រស់​ល្អ​មក​ថ្វាយ​ទ្រង់ 3សូម​ព្រះ‌ករុណា​ចាត់​ដំរូវ​ឲ្យ​មាន​ភ្នាក់‌ងារ នៅ​គ្រប់​ខេត្ត​ក្នុង​នគរ​ទ្រង់ ដើម្បី​នឹង​ប្រមូល​ស្ត្រី​ក្រមុំ ដែល​ស្រស់​ល្អ​ទាំង​ប៉ុន្មាន មក​ឯ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ឲ្យ​នៅ​ក្នុង​មន្ទីរ​សំរាប់​ពួក​ស្រីៗ ក្រោម​អំណាច​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ រួច​ឲ្យ​គេ​បើក​គ្រឿង សំរាប់​ជំរះ​ខ្លួន​ដល់​នាង​ទាំង​នោះ 4រួច​មក ឯ​នាង​ណា​ដែល​សព្វ​ព្រះ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​ទ្រង់​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី​នោះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​នោះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។
5រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ាមីន 6គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ចាប់​យេកូនាស ជា​ស្តេច​យូដា​នាំ​យក​ទៅ 7គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។
8ដូច្នេះ កាល​គេ​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​ច្បាប់​របស់​ស្តេច ហើយ​បាន​ប្រមូល​ស្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង​ប្រគល់​ក្រោម​អំណាច​ហេកាយ នោះ​គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​រក្សា​ពួក​ស្រីៗ​ដែរ 9នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​ណាស់ គាត់​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​នាង ក៏​ប្រញាប់​នឹង​ចែក​គ្រឿង សំរាប់​ឲ្យ​នាង​ជំរះ​ខ្លួន​នឹង​ប្រដាប់​តែង​កាយ ដែល​ជា​ចំណែក​របស់​នាង ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​៧​នាក់ ពី​ព្រះ‌រាជ‌ដំណាក់​មក​ឲ្យ​បំរើ​នាង ហើយ​គាត់​ក៏​ផ្លាស់​នាង នឹង​ស្រី​បំរើ​ទាំង​នោះ ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​មន្ទីរ​ពួក​ស្រីៗ 10ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ថា គ្រួ នឹង​ជំនួស​វង្ស​របស់​នាង​ជា​សាសន៍​អ្វី​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​មិន​ឲ្យ​នាង​ប្រាប់​ឲ្យ​គេ​ដឹង​ឡើយ 11ឯ​ម៉ា‌ដេកាយ គាត់​ក៏​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទីធ្លា​មន្ទីរ​ពួក​ស្រីៗ​ជា​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ជា​អេសធើរ​ជា​យ៉ាង​ណា ហើយ​នឹង​បាន​ទៅ​ជា​អ្វី។
12រីឯ​តាម​ទំនៀម​ពួក​ស្រីៗ នោះ​ពេល​ដែល​ជំរះ​ខ្លួន​ត្រូវ​អស់​រវាង​១២​ខែ គឺ​៦​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​៦​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​គ្រឿង​អ្វីៗ​ដែល​សំរាប់​ឲ្យ​ពួក​ស្រីៗ​បាន​ស្អាត​បរិសុទ្ធ​ផង ដូច្នេះ ក្រោយ​ដែល​គេ​បាន​ធ្វើ​ដល់​នាង​ទាំង​នោះ​តាម​ទំនៀម ហើយ​ពេល​ដែល​នាង​ណា​ត្រូវ​ចូល​ទៅ​ឯ​ស្តេច​អ័ហា‌ស៊ូរុស​បាន​មក​ដល់ 13នោះ​នាង​បាន​ចូល​ទៅ​ឯ​ស្តេច​បែប​យ៉ាង​នេះ​ឯង គឺ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន នោះ​ក៏​បាន​បើក​ឲ្យ​នាង ដើម្បី​នឹង​យក​ពី​មន្ទីរ​ពួក​ស្រីៗ​ទៅ​ឯ​ដំណាក់​ស្តេច 14នៅ​ពេល​ល្ងាច​នាង​បាន​ចេញ​ទៅ ហើយ​ដល់​ព្រឹក​ឡើង​នាង​វិល​មក​វិញ ចូល​ក្នុង​មន្ទីរ​ទី​២​របស់​ពួក​ស្រីៗ នៅ​ក្រោម​អំណាច​ស្អាស‌កាស ជា​ភ្នាក់‌ងារ​របស់​ស្តេច​ដែល​រក្សា​ពួក​ស្រី​អ្នក‌ម្នាង នាង​នោះ​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​តែ​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​នាង ហើយ​ហៅ​តាម​ឈ្មោះ​វិញ។
15ឯ​អេសធើរ កូន​អ័ប៊ី‌ហែល ជា​មា​របស់​ម៉ា‌ដេកាយ​ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន កាល​ដល់​ពេល​ដែល​នាង​ត្រូវ​ចូល​ទៅ​ឯ​ស្តេច នោះ​នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ​បាន​ឲ្យ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាងក៏​ពេញ​ចិត្ត​នឹង​នាង 16គេ​ក៏​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ស្តេច​អ័ហា‌ស៊ូរុស នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ខែ​ទី​១០ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ទ្រង់ 17ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ នឹង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី 18រួច​ស្តេច​ទ្រង់​ជប់‌លៀង​ជា​យ៉ាង​ធំ ដល់​អស់​ទាំង​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​អស់ គឺ​ជា​ការ​ជប់‌លៀង​របស់​អេសធើរ ទ្រង់​ក៏​ប្រោស ឲ្យ​មនុស្ស​នៅ​គ្រប់​ខេត្ត​បាន​ឈប់​សំរាក ហើយ​ទ្រង់​ដាក់​ទាន តាម​សណ្ឋាន​ស្តេច។
19លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង 20ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​គ្រួ នឹង​ពី​ជំនួរ​វង្ស​របស់​ខ្លួន​ទេ តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ពី​ព្រោះ​នាង​នៅ​តែ​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​នៅ​ឡើយ 21រីឯ​នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​តែ​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង នោះ​មាន​ភ្នាក់‌ងារ​របស់​ស្តេច​២​នាក់ ឈ្មោះ​ប៊ីកថាន នឹង​ថេរែស ក្នុង​ពួក​អ្នក​ចាំ​យាម​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​មាន​សេចក្ដី​កំហឹង ហើយ​រក​ឱកាស​ដល់​ព្រះ‌ជន្ម​ស្តេច​អ័ហា‌ស៊ូរុស 22រឿង​នោះ​ក៏​បាន​ដឹង​ដល់​ម៉ា‌ដេកាយ ហើយ​គាត់​ទូល​អេសធើរ​ជា​អគ្គ‌មហេសី រួច​អេសធើរ នាង​ទូល​ដល់​ស្តេច ដោយ​នូវ​ឈ្មោះ​ម៉ា‌ដេកាយ 23លុះ​កាល​គេ​ស៊ើប​សួរ​រក​ពី​រឿង​នោះ​ទៅ ក៏​ឃើញ​ពិត​ដូច្នោះ​មែន រួច​គេ​ចង​ក​អ្នក​ទាំង​២​ព្យួរ​នៅ​ដើម​ឈើ ហើយ​គេ​កត់​រឿង​នោះ​ទុក​ក្នុង​របា‌ក្សត្រ​នៅ​ចំពោះ​ស្តេច។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in