ចោទិយកថា 15
15
1ដល់វេលាផុតរាល់តែ៧ឆ្នាំ នោះត្រូវឲ្យមានការប្រោសលែង 2នេះជារបៀបនៃការប្រោសលែងនោះ គឺគ្រប់ទាំងម្ចាស់បំណុលត្រូវតែលើកលែងបំណុល ចំពោះអ្នកជិតខាងដែលបានខ្ចីខ្លួន មិនត្រូវឲ្យតឹងទារពីអ្នកជិតខាងនោះ ឬពីបងប្អូនណាឡើយ ដ្បិតការប្រោសលែងផងព្រះយេហូវ៉ា បានប្រកាសប្រាប់ស្រេចហើយ 3ឯងនឹងទារពីអ្នកប្រទេសក្រៅបាន តែរបស់អ្វីផងឯងដែលនៅនឹងបងប្អូនឯង នោះត្រូវលើកលែងចោលចេញ 4ប៉ុន្តែនឹងគ្មានអ្នកទ័លក្រនៅជាមួយនឹងឯងឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលទ្រង់ប្រទានមក ឲ្យឯងចាប់យកជាមរដកនោះជាមិនខាន 5គឺបើឯងគ្រាន់តែខំប្រឹងស្តាប់តាមព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីបញ្ញត្ត ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះគ្រប់ជំពូកប៉ុណ្ណោះ 6ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង ដូចជាទ្រង់បានសន្យាហើយ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីបាន ឥតមានខ្ចីពីគេវិញឡើយ ហើយឯងនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើឯងទេ។
7តែបើសិនជាមានអ្នកទ័លក្រណានៅជាមួយនឹងឯងដែរ ជាបងប្អូនឯងដែលនៅទីក្រុងឯង ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានមក នោះមិនត្រូវឲ្យឯងតាំងចិត្តរបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ 8គឺត្រូវឲ្យលាដៃដល់គេវិញជាកុំខាន ហើយឲ្យគេខ្ចីតាមចិត្ត ឲ្យល្មមដល់គ្រាទ័លក្រនោះចុះ 9ចូរប្រយ័ត កុំឲ្យមានគំនិតអាក្រក់ក្នុងចិត្តឯង ដោយនឹកថា ឆ្នាំទី៧ជាឆ្នាំដែលត្រូវលើកលែង នោះជិតដល់ហើយ ហើយឯងគន់មើលបងប្អូនអ្នកក្រនោះ ដោយព្រងើយកន្តើយវិញ ឥតមានឲ្យអ្វីដល់គេសោះ ក្រែងគេប្តឹងដល់ព្រះយេហូវ៉ាពីឯង នោះនឹងបានរាប់ជាបាបដល់ឯង 10ត្រូវឲ្យឯងចែកដល់គេជាកុំខាន ដោយមានចិត្តឥតស្តាយផង ដ្បិតបើប្រព្រឹត្តយ៉ាងដូច្នោះ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯងក្នុងគ្រប់ទាំងការរបស់ឯង ហើយក្នុងអស់ទាំងការអ្វី ដែលឯងដាក់ដៃធ្វើផង 11ពីព្រោះពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ ហេតុនេះបានជាអញបង្គាប់ដល់ឯងថា ត្រូវឲ្យឯងលាដៃដល់បងប្អូន នឹងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត នៅក្នុងស្រុកឯងជាកុំខានវិញ។
12បើបងប្អូនប្រុស ឬស្រីរបស់ឯង ដែលជាសាសន៍ហេព្រើរ គេលក់ខ្លួនមកឯង ក៏បាននៅបំរើឯងអស់៦ឆ្នាំហើយ នោះដល់ឆ្នាំទី៧ ត្រូវឲ្យលែងគេចេញឲ្យរួចទៅទទេ 13ហើយកាលណាលែងឲ្យទៅ នោះមិនត្រូវឲ្យគេទៅដោយដៃទទេឡើយ 14គឺត្រូវផ្គត់ផ្គង់ឲ្យគេពីហ្វូងចៀម ពីទីលាន ហើយពីធុងឃ្នាបរបស់ឯងដោយសទ្ធាវិញ ត្រូវឲ្យដល់គេតាមដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯង 15ត្រូវឲ្យឯងនឹកចាំថា ពីដើមឯង ក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានលោះឯងមក ហេតុនោះហើយបានជាអញបង្គាប់ដល់ឯងដូច្នេះ នៅថ្ងៃនេះ 16ប៉ុន្តែបើសិនជាគេនិយាយនឹងឯងថា ខ្ញុំមិនព្រមចេញពីអ្នកទៅទេ គឺដោយគេស្រឡាញ់ឯង នឹងផ្ទះឯង ហើយដោយព្រោះគេនៅជាស្រួលនឹងឯងផង 17នោះត្រូវឲ្យយកដែកចោះមក ចោះត្រចៀកគេផ្ទាប់នៅទ្វារ រួចគេនឹងធ្វើជាបាវបំរើឯងជាដរាបតទៅ ហើយត្រូវឲ្យឯងធ្វើដូច្នោះនឹងបាវស្រីឯងដែរ 18មិនត្រូវឲ្យមានចិត្តពិបាក ដោយលែងឲ្យគេទៅទទេឡើយ ដ្បិតគេបាននៅបំរើឯងអស់៦ឆ្នាំហើយ ជាការបំរើលើសជាងការរបស់ជើងឈ្នួល១ជា២ផង ដូច្នេះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង ក្នុងគ្រប់ការដែលឯងធ្វើដែរ។
19ក្នុងហ្វូងគោ ហ្វូងចៀមរបស់ឯង នោះត្រូវញែកអស់ទាំងកូនឈ្មោលដែលកើតជាដំបូងចេញ ទុកជាបរិសុទ្ធ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវយកកូនដែលកើតជាដំបូងពីមេគោឯង ទៅប្រើធ្វើការអ្វី ឬកាត់រោមរបស់កូនដែលកើតជាដំបូង ពីមេចៀមឯងនោះឡើយ 20រាល់តែឆ្នាំត្រូវឲ្យឯង នឹងពួកផ្ទះឯងបរិភោគសត្វនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងរើស 21បើសត្វនោះមានស្លាកស្នាមអ្វី គឺបើខ្ញើច ឬខ្វាក់ ឬមានខ្ចោះអាក្រក់ត្រង់ណាក្តី នោះមិនត្រូវឲ្យឯងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ 22ឯងនឹងបរិភោគសត្វនោះនៅក្នុងទីក្រុងឯងបាន ទោះទាំងអ្នកស្អាត នឹងអ្នកដែលមិនស្អាតផង ដូចជាបរិភោគឈ្លូស ហើយនឹងប្រើសដែរ 23ប៉ុន្តែ មិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដី ដូចជាទឹកវិញ។
Currently Selected:
ចោទិយកថា 15: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.