ចោទិយកថា 12
12
1នេះជាច្បាប់ នឹងជាបញ្ញត្តទាំងប៉ុន្មាន ដែលឯងរាល់គ្នាត្រូវប្រយ័តនឹងប្រព្រឹត្តតាម នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង បានប្រទានឲ្យទទួលយក រហូតដល់គ្រប់១ជីវិតដែលឯងរាល់គ្នារស់នៅលើផែនដី 2គឺត្រូវឲ្យបំផ្លាញគ្រប់ទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលឯងនឹងបណ្តេញចេញនោះជាកុំខាន គឺជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះគេ នៅលើភ្នំធំតូច ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង 3ត្រូវរំលំអាសនាគេ ព្រមទាំងបំបាក់បំបែកបង្គោលដែលសំរាប់គោរព នឹងដុតអ្នកតារបស់គេ ក៏ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយរំលាយឈ្មោះព្រះទាំងនោះពីទីនោះចេញផង 4តែមិនត្រូវធ្វើដូច្នោះដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ 5គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ាជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សំរាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ 6ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត នឹងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ 7ហើយនៅទីនោះ ត្រូវឲ្យឯងរាល់គ្នាបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយឯង នឹងពួកគ្រួសារឯង ត្រូវអរសប្បាយឡើង ដោយព្រោះគ្រប់ទាំងរបស់ដែលដៃឯងលូកទៅចាប់យក ពីរបស់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯងហើយ 8មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះសព្វថ្ងៃ គឺតាមតែគ្រប់គ្នាគិតឃើញថាត្រូវនោះទេ 9ដ្បិតឯងរាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសំរាក នឹងមរដកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកនៅឡើយទេ 10តែកាលណាបានឆ្លងទន្លេយ័រដាន់ ទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ហើយទ្រង់បានប្រទានឲ្យសំរាកពីពួកខ្មាំងសត្រូវនៅជុំវិញ នឹងឲ្យឯងបាននៅដោយសុខសាន្តហើយ 11នោះត្រូវនាំយកអស់ទាំងដង្វាយដែលអញបង្គាប់ឯង ទៅថ្វាយនៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់ចុះ គឺអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ហើយគ្រប់ទាំងផលជ្រើសរើស ដែលឯងបានបន់ថ្វាយព្រះយេហូវ៉ាផង 12ត្រូវឲ្យឯងរាល់គ្នាអរសប្បាយឡើង នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងកូនប្រុស កូនស្រីឯង នឹងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅក្នុងទីក្រុងឯងផង ដ្បិតពួកលេវីគ្មានចំណែក គ្មានមរដកនៅជាមួយនឹងឯងទេ 13ចូរប្រយ័ត កុំឲ្យថ្វាយដង្វាយដុតរបស់ឯងនៅអស់ទាំងទីកន្លែងណា ដែលឯងប្រទះឃើញនោះឡើយ 14គឺត្រូវថ្វាយដង្វាយដុតរបស់ឯង នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើស ក្នុងពូជអំបូរឯងណាមួយវិញ ហើយនៅទីនោះ ឯងត្រូវធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់មក។
15ប៉ុន្តែឯងមានច្បាប់នឹងសំឡាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត នឹងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស នឹងប្រើសដែរ 16ប៉ុន្តែមិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដីដូចជាទឹកវិញ 17តែនៅក្នុងទីលំនៅរបស់ឯង នោះមិនត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលហូតពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង នឹងកូនគោកូនចៀមក្នុងហ្វូងសត្វរបស់ឯងដែលកើតដំបូង ដង្វាយលាបំណន់ ដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត ឬដង្វាយដែលថ្វាយដោយលើកចុះឡើងនោះឡើយ 18ឯដង្វាយទាំងនោះត្រូវឲ្យឯងបរិភោគ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសវិញ ព្រមទាំងកូនប្រុសកូនស្រី នឹងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅទីក្រុងឯងផង ហើយត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វីដែលឯងលូកដៃទៅចាប់យកបាន 19ចូរប្រយ័ត កុំឲ្យលះចោលពួកលេវីឡើយ រហូតដល់គ្រប់១ជីវិត ដែលឯងរស់នៅក្នុងស្រុកឯង។
20កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត 21បើសិនជាកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ 22ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស នឹងប្រើសផង ទោះទាំងអ្នកមិនស្អាត នឹងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា 23ចូរប្រយ័ត កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ 24មិនត្រូវឲ្យបរិភោគឈាមឲ្យសោះ ត្រូវចាក់ចោលទៅដីដូចជាទឹកវិញ 25គឺមិនត្រូវឲ្យឯងបរិភោគ ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ដោយឯងប្រព្រឹត្តតាមសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា 26ឯអស់ទាំងដង្វាយបរិសុទ្ធដែលនៅជាមួយនឹងឯង នឹងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ 27ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ នឹងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ាជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន 28ចូរប្រយ័ត នឹងស្តាប់តាមគ្រប់ទាំងសេចក្ដីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្ដីដែលល្អ ហើយទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង។
29កាលណាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានកាត់បណ្តាច់អស់ទាំងសាសន៍ពីមុខឯងចេញ នៅក្នុងស្រុកដែលឯងចូលទៅចាប់យកពីគេ ហើយឯងបានបណ្តេញគេអស់ទៅ ព្រមទាំងអាស្រ័យនៅក្នុងស្រុករបស់គេផង 30នោះចូរប្រយ័តក្រែងត្រូវជាប់អន្ទាក់ នឹងបណ្តោយតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខឯងចេញហើយ ឬក្រែងឯងស៊ើបសួរតាមព្រះគេ ដោយពាក្យថា សាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះគេជាយ៉ាងដូចម្តេច អញចង់ធ្វើដូចជាគេដែរ 31មិនត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើងថ្វាយដល់ព្រះគេផង 32អស់ទាំងសេចក្ដីណាដែលអញបង្គាប់ដល់ឯងរាល់គ្នា នោះត្រូវប្រយ័ត នឹងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែមបញ្ចូលអ្វី ឬកាត់ចោលអ្វីឡើយ។
Currently Selected:
ចោទិយកថា 12: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.