អេម៉ុស 1
1
1នេះជាពាក្យរបស់អេម៉ុស ជាម្នាក់ក្នុងពួកគង្វាលនៅត្កូអា គឺជាសេចក្ដីដែលគាត់បានឃើញ ពីដំណើរពួកអ៊ីស្រាអែលនៅក្នុងរាជ្យនៃអូសៀស ជាស្តេចយូដា ហើយក្នុងរាជ្យនៃយេរ៉ូបោម ជាបុត្រយ៉ូអាស ស្តេចអ៊ីស្រាអែលគឺ២ឆ្នាំមុនកក្រើកដី។
2គាត់ពោលថា ព្រះយេហូវ៉ាទ្រង់នឹងស្រែកគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិមមក នោះទីវាលស្មៅរបស់ពួកអ្នកគង្វាលនឹងសៅសោក ហើយកំពូលភ្នំកើមែលនឹងហែងទៅ។
3ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងដាម៉ាស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក 4អញនឹងចាត់ប្រើភ្លើង ឲ្យចូលទៅក្នុងផ្ទះរបស់ហាសែល ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ 5អញនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅច្រកភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងត្រូវទៅជាឈ្លើយដល់ស្រុកគារ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
6ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងកាសា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ដល់សាសន៍អេដំម 7អញនឹងចាត់ប្រើភ្លើងឲ្យទៅលើកំផែងនៃក្រុងកាសា ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ 8អញនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង អញក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុនដែរ នោះសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាសបង់ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
9ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដំម ឥតនឹកចាំសេចក្ដីសញ្ញាជាបងប្អូននឹងគ្នាសោះ 10អញនឹងចាត់ប្រើភ្លើង ឲ្យទៅលើកំផែងនៃក្រុងទីរ៉ុស ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ។
11ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍អេដំម អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនខ្លួន ព្រមទាំងសង្កត់រំលត់សេចក្ដីមេត្តាប្រណីរបស់ខ្លួនផង ឯសេចក្ដីកំហឹងរបស់គេបានចេះតែហែកហួរជានិច្ច ក៏រក្សាសេចក្ដីក្រោធទុកនៅដរាប 12អញនឹងចាត់ប្រើភ្លើងឲ្យទៅលើក្រុងថេម៉ាន ភ្លើងនោះនឹងឆេះដំណាក់របស់ក្រុងបុសរ៉ាអស់ទៅ។
13ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទំងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំស្រុករបស់ខ្លួនឲ្យធំឡើង 14អញនឹងបង្កាត់ភ្លើងនៅលើកំផែងនៃក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ ដោយសូរស្រែកហ៊ោ ក្នុងថ្ងៃសង្គ្រាម នឹងដោយព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង 15នោះស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយរបស់គេផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
Currently Selected:
អេម៉ុស 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.