២ សាំយូអែល 8
8
1ក្រោយនោះមក ដាវីឌទ្រង់វាយបង្ក្រាបពួកភីលីស្ទីនបានហើយ ទ្រង់ចាប់យកអំណាចទីក្រុងហ្លួង ពីកណ្តាប់ដៃនៃពួកភីលីស្ទីន 2ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចដំរូវឲ្យត្រូវសំឡាប់២ជួរ ហើយទុកពេញ១ជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់បានត្រឡប់ជាបាវបំរើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
3១ទៀត ដាវីឌក៏ប្រហារហាដារេស៊ើរ បុត្រារេហុបជាស្តេចស្រុកសូបា ក្នុងកាលដែលស្តេចនោះ ទៅតាំងអំណាចខ្លួន នៅក្បែរមាត់ទន្លេអ៊ើប្រាតឡើងវិញ 4ដាវីឌទ្រង់ចាប់យកបានពលសេះ១ពាន់៧រយនាក់ នឹងពលថ្មើរជើង២ម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ បានទុកឲ្យនៅល្មមតែនឹងទឹមរទេះ១០០ប៉ុណ្ណោះ 5កាលពួកសាសន៍ស៊ីរីពីក្រុងដាម៉ាសបានមក ដើម្បីជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារសំឡាប់ពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់ 6រួចទ្រង់តាំងឲ្យមានពួកទាហានត្រួតត្រាមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរី ក៏ចំណុះជាបាវបំរើរបស់ដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាទ្រង់ចេះតែជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ 7ដាវីឌបានយកអស់ទាំងខែលមាស ដែលពួកបំរើរបស់ហាដារេស៊ើរកាន់នាំមកទុកនៅក្រុងយេរូសាឡិម 8ហើយពីក្រុងបេថាស នឹងពីក្រុងបេរ៉ូថាយ ជាទីក្រុងរបស់ហាដារេស៊ើរ នោះស្តេចទ្រង់យកបានលង្ហិនយ៉ាងសន្ធឹកដែរ។
9កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌវាយពួកពលទ័ព របស់ហាដារេស៊ើរទាំងអស់ហើយដូច្នោះ 10នោះក៏ចាត់យ៉ូរ៉ាម ជាបុត្រា ឲ្យទៅឯស្តេចដាវីឌ ដើម្បីនឹងទូលសួរពីសេចក្ដីសុខទុក្ខ ហើយនឹងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាសប្រាក់ នឹងលង្ហិន មកថ្វាយដែរ 11ឯប្រដាប់ទាំងនោះ ស្តេចដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស នឹងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីអស់ទាំងសាសន៍ដែលទ្រង់បានបង្ក្រាបនោះ 12គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាលេក ហើយនឹងរបឹបដែលបានយកពីហាដារេស៊ើរជាកូនរេហុប ស្តេចក្រុងសូបាផង។
13កាលដាវីឌត្រឡប់មក ពីប្រហារសាសន៍ស៊ីរីវិញ នោះទ្រង់បានល្បីនាមឡើងទៀត ដោយបានវាយមនុស្សអស់១ម៉ឺន៨ពាន់នាក់ នៅក្នុងវាលច្រកភ្នំអំបិល 14ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដំម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើល នៅពេញក្នុងស្រុកអេដំមនោះ ហើយពួកស្រុកអេដំមទាំងអស់ ក៏ចំណុះចំពោះដាវីឌ ព្រះយេហូវ៉ាទ្រង់ជួយការពារដាវីឌនៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។
15ដាវីឌទ្រង់សោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តនឹងបណ្តារាស្ត្ររបស់ទ្រង់ ដោយសុចរិតយុត្តិធម៌ 16មានយ៉ូអាប់ កូនសេរូយ៉ា ធ្វើជាអ្នកត្រួតត្រាលើពលទ័ព យេហូសាផាត កូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ 17សាដុក ជាកូនអ័ហ៊ីទូប នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង 18បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេពួកកេរេធីម នឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើជាសេនាបតី។
Currently Selected:
២ សាំយូអែល 8: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.