YouVersion Logo
Search Icon

២ សាំយូ‌អែល 17

17
1មួយ​ទៀតអ័ហ៊ី‌ថូ‌ផែល លោកមាន​បន្ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ទូលបង្គំ​ទៅ​រើស​ទាហាន​១​ម៉ឺន​២​ពាន់​នាក់​នាំ​ចេញ​ទៅ ដេញ​តាម​ដាវីឌ​នៅ​យប់​នេះ​ឯង 2ទូលបង្គំនឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កំឡាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្តា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ នឹង​រត់​ចេញ​ទៅ ទូលបង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ 3ហើយ​នឹង​នាំ​បណ្តាជន​ទាំង​អស់​មក​វិញ​ថ្វាយ​ដល់​ទ្រង់ ដ្បិត​បើ​ចាប់​បាន​ម្នាក់​ដែល​ទ្រង់​ត្រូវ​រក នោះ​ទុក​ដូច​ជា​បាន​មនុស្ស​ទាំង​អស់​មក​វិញ​ដែរ យ៉ាង​នោះ បណ្តាជន​ទាំង​អស់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ហើយ 4ពាក្យ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​អាប់‌សា‌ឡំម នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា។
5តែ​អាប់‌សា‌ឡំម​មាន​បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ 6កាល​ហ៊ូសាយ​បាន​មក​ដល់​អាប់‌សា‌ឡំម​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា អ័ហ៊ី‌ថូ‌ផែល​បាន​និយាយ​ដូច្នេះ តើ​គួរ​ឲ្យ​យើង​ធ្វើ​តាម​ឬ​អី បើ​មិន​គួរ​ទេ សូម​ឆ្លើយ​ប្រាប់​មក​ចុះ 7ដូច្នេះហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា សេចក្ដី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ 8ដ្បិត​ទ្រង់​ជ្រាប​ថា ព្រះ‌បិតា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា‌ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀតព្រះ‌បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចំបាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា​មួយ​នឹង​ពួក​ពល​ទេ 9ពេល​ថ្មើរ​នេះ មុខ​ជា​ទ្រង់​ពួន​នៅ​ក្នុង​រណ្តៅ​ណា​មួយ ឬ​នៅ​កន្លែង​ណា​ទៀត​មិន​ខាន ដូច្នេះ កាល​ណា​ចាប់​តាំង​ច្បាំង​គ្នា ហើយ​មាន​ពួក​យើង​ខ្លះ​ដួល​ស្លាប់ នោះ​អ្នក​ណា​ដែល​ឮ គេ​នឹង​ផ្សាយ​ប្រាប់​ថា មាន​ពួក​ខាង​អាប់‌សា‌ឡំម​ស្លាប់​សន្ធឹក​ហើយ 10យ៉ាង​នោះ ទោះ​ទាំង​មនុស្ស​ក្លាហាន ដែល​មាន​ចិត្ត​ដូច​ជា​សិង្ហ គេ​នឹង​គ្រាក‌ចិត្ត​ដែរ ដ្បិត​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ដឹង​ថា ព្រះ‌បិតា​ទ្រង់ នឹង​ពួក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ណាស់ 11ឯ​ទូលបង្គំ សូម​ថ្វាយ​សេចក្ដី​ដូច្នេះ​ថា គួរ​ឲ្យ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​ឯ​ទ្រង់ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​បៀរ-សេបា ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ រួច​យាង​ទៅ​ច្បាំង​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ 12យ៉ាង​នោះ យើង​ខ្ញុំ​រាល់​គ្នា​នឹង​ទៅ​ទាន់​ព្រះ‌បិតា​ទ្រង់ នៅ​កន្លែង​ណា​ដែល​រក​ឃើញ ហើយ​នឹង​ស្ទុះ​ទៅ​លើ ដូច​ជា​ទឹក​សន្សើម​ធ្លាក់​មក​លើ​ដី​តែ​ម្តង ឥត​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ ទោះ​ទាំង​ព្រះ​បិតានឹង​ពួក​ដែល​នៅ​ជា​មួយ​ផង 13ឬ​បើ​បាន​ចូល​ទៅ​ជ្រក​ក្នុង​ទី​ក្រុង​ណា នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​នឹង​យក​ពួរ ទៅ​ទាញ​អូស​ទី​ក្រុង​នោះ ទំលាក់​ចុះ​ក្នុង​ទន្លេ ដរាប​ដល់​រក​ថ្ម​១​យ៉ាង​តូច នៅ​ទី​នោះ​មិន​ឃើញ​ផង 14នោះ​អាប់‌សា‌ឡំម នឹង​ពួក​អ៊ីស្រាអែល​ក៏​ឆ្លើយ​ឡើង​ថា គំនិត​របស់​ហ៊ូសាយ ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល (ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល​ចេញ ដើម្បី​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​អាប់‌សា‌ឡំម​វិញ)។
15គ្រា​នោះហ៊ូសាយ​រ៉ាយ​រឿង​ប្រាប់​សាដុក ហើយ​នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ប្រាប់​ដល់​អាប់‌សា‌ឡំម នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ថា គួរ​ធ្វើ​ដូច្នេះ​១ៗ តែ​ខ្ញុំ​បាន​ទូល​យ៉ាង​នេះ​វិញ 16ដូច្នេះ សូម​ចាត់​គេ​ជា​ប្រញាប់ ឲ្យ​ទៅ​ទូល​ដល់​ព្រះ‌ករុណា​ថា នៅ​យប់​នេះ សូម​ទ្រង់​កុំ​ផ្ទំ​នៅ​ទី​រហោ‌ស្ថាន​ឡើយ សូម​យាង​ឆ្លង​ទៅ​ខាង​មុខ​ទៀត​ទៅ ក្រែង​ព្រះ‌ករុណា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ត្រូវ​វិនាស​បាត់។
17រីឯ​យ៉ូណា‌ថាន នឹង​អ័ហ៊ីម៉ាស គេ​នៅ​ត្រង់​អេន-រ៉ូកេល ដ្បិត​គេ​មិន​ហ៊ាន​ចូល ក្នុង​ទី​ក្រុង​ឲ្យ​អ្នក​ណា​ឃើញ​ទេ ហើយ​មាន​បាវ​ស្រី​ម្នាក់​ទៅ​ប្រាប់ រួច​គេ​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ 18ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់‌សា‌ឡំម តែ​អ្នក​ទាំង​២​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី‌ធ្លា​ផ្ទះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ 19ឯ​ស្ត្រី ជា​ម្ចាស់​ផ្ទះ ក៏​យក​សំពត់​គ្រប​មាត់​អណ្តូង ហើយ​រាយ​ហាល​អង្ករ​ពី​លើ ឥត​មាន​អ្នក​ណា​សង្ស័យ​ឡើយ 20ចំណែក​ពួក​អ្នក​ដែល​អាប់‌សា‌ឡំម​ចាត់​ប្រើ ក៏​មក​ដល់​ស្រី​នោះ នៅ​ក្នុង​ផ្ទះ​សួរ​ថា តើ​អ័ហ៊ីម៉ាស នឹង​យ៉ូណា‌ថាន​នៅ​ឯ​ណា តែ​ស្រី​នោះ​ឆ្លើយ​ថា គេ​បាន​ឆ្លង​ស្ទឹង​ទៅ​បាត់​ហើយ កាល​គេ​ស្វែង​រក​មិន​ឃើញ​សោះ នោះ​ក៏​នាំ​គ្នា ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។
21លុះ​កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​អ្នក​ទាំង​២​ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​អណ្តូង​មក ទៅ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ ដោយ​ពាក្យ​ថា សូម​ទ្រង់​តើន​ឡើង​យាង​ឆ្លង​ទឹក​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​អ័ហ៊ី‌ថូ‌ផែល​បាន​បញ្ចេញ​គំនិត​ទាស់​នឹង​ទ្រង់​យ៉ាង​នេះ​ហើយ 22ដូច្នេះ ដាវីឌនឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ លុះ​ថ្ងៃ​ភ្លឺ​ឡើង នោះ​គ្រប់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ទាំង​អស់​ផុត​ឥត​សល់​ដល់​ម្នាក់​ឡើយ។
23កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។
24រួច​មក​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់‌សា‌ឡំម នឹង​ពួក​ពល​ទ័ព​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឆ្លង​ទន្លេ​យ័រដាន់​ទៅ 25អាប់‌សា‌ឡំម​បាន​តាំង​អ័ម៉ាសា​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ រីឯ​អ័ម៉ាសា​នេះ លោក​ជា​កូន​របស់​សាសន៍​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​ចូល​ទៅ​ឯ​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់ 26ចំណែក​ពួក​អ៊ីស្រាអែល នឹង​អាប់‌សា‌ឡំម គេ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។
27កាល​ដាវីឌ​បាន​ទៅ​ដល់​ម៉ាហា‌ណែម​ហើយ នោះ​សូប៊ី ជា​កូន​ណា‌ហាស ដែល​នៅ​ត្រង់​រ៉ាបា ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ម៉ាគារ​ជា​កូន​អាំមាល​នៅ​ឡូរ-ដេបារ នឹង​បារស៊ី‌ឡាយ​ជា​ពួក​កាឡាត​ដែល​នៅ​រ៉ូគី‌លីម 28គេ​យក​គ្រែ ចាន ឆ្នាំង​ផ្សេងៗ ព្រម​ទាំង​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ម្សៅ លាជ ពពាយ សណ្តែក‌បាយ នឹង​សណ្តែក​លីង 29ទឹក​ឃ្មុំ ខ្លាញ់​ទឹក​ដោះ សត្វ​ចៀម ទឹក​ដោះ​គោ​ខះ មក​សំរាប់​ដាវីឌ នឹង​ពួក​បណ្តាជន​ដែល​នៅ​ជា​មួយ​បាន​បរិភោគ ដោយ​ថា ពួក​បណ្តាជន​គេ​ស្រេក​ឃ្លាន ហើយ​ល្វើយ​នៅ​ទី​រហោ‌ស្ថាន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in