YouVersion Logo
Search Icon

២ ពង្សាវតារក្សត្រ 22

22
1រីឯ​កាល​យ៉ូសៀស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣១​ឆ្នាំ ព្រះ‌មាតា​ព្រះ‌នាម​ជា យេឌីដា បុត្រី​របស់​អ័ដាយ៉ា ជា​អ្នក​ស្រុក​បូស‌កាត់ 2ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​ឰយុកោ​ទ្រង់ ឥត​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ។
3នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​ស្តេច​យ៉ូសៀស នោះ​ទ្រង់​ចាត់​សាផាន​ដ៏​ជា​ស្មៀន ជា​កូន​អ័សាលា ដែល​ជា​កូន​មស៊ូឡាម ឲ្យ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ថា 4ចូរ​ឡើង​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ ឲ្យ​លោក​យក​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ប្រាក់​ដែល​ពួក​អ្នក​ឆ្មាំ​ទ្វារ​បាន​ទទួល ពី​ពួក​បណ្តាជន 5ហើយ​ប្រគល់​ទៅ​ក្នុង​អំណាច នៃ​ពួក​អ្នក​ដែល​ត្រួត​មើល​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ចំណាយ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​ជួស‌ជុល​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ 6គឺ​ដល់​ពួក​ជាង​ឈើ ពួក​ជាង​រៀប​ថ្ម នឹង​ពួក​ជាង​ផ្សេងៗ សំរាប់​នឹង​ទិញ​ឈើ នឹង​ថ្ម​ដាប់​ស្រាប់ មក​ជួស‌ជុល​ព្រះ‌វិហារ 7ប៉ុន្តែគេ​មិន​បាន​គិត​ប្រាក់ ដែល​បាន​ប្រគល់​ទៅ ក្នុង​អំណាច​នៃ​អ្នក​ទាំង​នោះ​ទេ ដ្បិត​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់។
8ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ លោក​ប្រាប់​ដល់​សាផាន ជា​ស្មៀន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រិត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហ៊ីល‌គីយ៉ា​ក៏​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន ហើយ​សាផាន​បាន​អាន​មើល 9រួច​នាំ​ដំណឹង​វិល​ទៅ​វិញ ទូល​ស្តេច​ថា ពួក​លោក​ជា​អ្នក​បំរើ​ទ្រង់​បាន​ចាក់​ប្រាក់​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ ចេញ​ពី​ហឹប ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក ដែល​ត្រួត​មើល​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ 10រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូលបង្គំ ដូច្នេះ សាផាន​ក៏​អាន​មើល​ថ្វាយ​ស្តេច 11កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ 12រួច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ អ័ហ៊ី‌កាម ជា​កូន​សាផាន អ័កបោរ ជា​កូន​មីកាយ៉ា នឹង​សាផាន​ដ៏​ជា​ស្មៀន ហើយ​អ័សាយ៉ា ជា​អ្នក​ជំនិត​ស្តេច​ថា 13ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ប្រទះ​ឃើញ​នេះ ឲ្យ​យើង នឹង​ពួក​បណ្តាជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃ‌លែង ពី​ព្រោះ​ពួក​ឰយុកោ​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ។
14ដូច្នេះ ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ នឹង​អ័ហ៊ី‌កាម អ័កបោរ សាផាន ហើយ​អ័សាយ៉ា គេ​ក៏​ទៅ​ឯ​ហោរា​ស្រី​ឈ្មោះ​ហ៊ុលដា ជា​ប្រពន្ធ​របស់​សាលូម ជា​កូន​ធីកវ៉ា ដែល​ជា​កូន​ហារហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ​ស្តេច (ហោរា​ស្រី​នោះ​នៅ​ឃុំ​លេខ​២​ក្នុង​ក្រុង​យេរូ‌សាឡិម) ហើយ​គេ​ស្នើ​ការ​នឹង​នាង 15នាង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​មនុស្ស ដែល​ចាត់​អ្នក​រាល់​គ្នា​មក​ឯ​ខ្ញុំ​ថា 16ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​បណ្តាជន​ដែល​នៅ​ក្រុង​នេះ​ដែរ គឺ​គ្រប់​ទាំង​សេចក្ដី​ក្នុង​គម្ពីរ ដែល​ស្តេច​យូដា​បាន​ទត​នោះ 17ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ការ​ដែល​នាំ​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​អញ នឹង​ឆេះ‌ឆួល​ឡើង​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង 18តែ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ស្តេច​យូដា ដែល​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រង់​ឯ​ពាក្យ​ដែល​ឯង​បាន​ឮ 19នោះ​ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ឯង​បាន​ឮ​សេចក្ដី ដែល​អញ​បាន​ទាយ​ទាស់​នឹង​ទី​នេះ ហើយ​ទាស់​នឹង​បណ្តាជន​ដែល​នៅ​ក្រុង​នេះ​ថា គេ​នឹង​ត្រូវ​សាប‌សូន្យ ហើយ​ត្រឡប់​ជា​សេចក្ដី​បណ្តាសា ហើយ​ដោយ​ព្រោះ​ឯង​បាន​ហែក​សំលៀក‌បំពាក់ ព្រម​ទាំង​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ក៏​បា​ន​ឮ​ហើយ 20ហេតុ​នោះ​បាន​ជា​អញ​នឹង​ឲ្យ​ឯង​ទៅ​ជួប‌ជុំ​នឹង​ពួក​ឰយុកោ​ឯង ហើយ​គេ​នឹង​បញ្ចុះ​ឯង នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​ឯង​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​អញ​នឹង​នាំ​មក​លើ​ទី​នេះ​ទេ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​ទាំង​នោះ ទៅ​ទូល​ដល់​ស្តេច​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in