២ ពង្សាវតារក្សត្រ 20
20
1នៅគ្រានោះ ហេសេគាទ្រង់ប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ 2នោះទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា 3ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អ នៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង 4ឯអេសាយ លោកបានចេញទៅ មិនទាន់ដល់ទីធ្លាកណ្តាលនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា 5ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើរាស្ត្រអញថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌឰយុកោឯង ទ្រង់មានបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា រួចដល់ថ្ងៃទី៣ ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន 6អញនឹងចំរើនអាយុឯងឡើង១៥ឆ្នាំទៀត ហើយនឹងដោះឯង នឹងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង 7អេសាយក៏ទូលថា សូមយកផ្លែល្វា១ផែនមក នោះគេក៏យកមកបិទលើបូសនោះ រួចទ្រង់បានជាឡើង។
8ហេសេគាទ្រង់មានបន្ទូលសួរអេសាយថា តើមានទីសំគាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ 9អេសាយទូលតបថា នេះជាទីសំគាល់ពីព្រះយេហូវ៉ា ឲ្យទ្រង់បានជ្រាបថា ព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្ដីដែលមានបន្ទូលហើយ តើទ្រង់សព្វព្រះទ័យឲ្យស្រមោលធ្លាក់ទៅមុខ១០ចុច ឬថយក្រោយ១០ចុចវិញ 10នោះហេសេគាមានបន្ទូលឆ្លើយថា ដែលស្រមោលជ្រេទៅ១០ចុចនោះស្រណុកទេ សូមឲ្យបានថយមកវិញ១០ចុចចុះ 11ដូច្នេះ ហោរាអេសាយលោកអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ក៏ធ្វើឲ្យស្រមោលដែលបានជ្រេទៅ នៅនាឡិកាថ្ងៃរបស់ស្តេចអ័ហាស បានថយមកក្រោយវិញ១០ចុច។
12គ្រានោះ ម្រដាក់-បាឡាដាន ជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ នឹងដង្វាយ មកថ្វាយហេសេគា ដោយព្រោះទ្រង់ឮថា ហេសេគាបានប្រឈួន 13ហេសេគាក៏ស្តាប់តាមគេ គឺទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប នឹងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ នឹងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ផង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ទាំងអស់ ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ 14នោះហោរាអេសាយ លោកមកគាល់ស្តេចហេសេគា ទូលសួរថា អ្នកទាំងនោះបាននិយាយអ្វីខ្លះ ហើយមកពីណាដែលមកគាល់ទ្រង់ដូច្នេះ ហេសេគាទ្រង់តបថា គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន 15រួចលោកទូលសួរទៀតថា គេបានឃើញអ្វីខ្លះ នៅក្នុងព្រះរាជវាំង ហេសេគាឆ្លើយថា គេបានឃើញរបស់ទាំងអស់ ដែលនៅក្នុងដំណាក់យើង ហើយក្នុងព្រះរាជទ្រព្យយើងទាំងអំបាលម៉ាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ។
16ដូច្នេះអេសាយលោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន 17មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យ ដែលនៅក្នុងព្រះរាជវាំង នឹងរបស់ទាំងប៉ុន្មានដែលពួកឰយុកោទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា 18ឯពួកបុត្រាទាំងប៉ុន្មាន ដែលនឹងកើតពីទ្រង់មក នោះនឹងត្រូវដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន 19ហេសេគាទ្រង់មានបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ រួចមានបន្ទូលទៀតថា បើមានសេចក្ដីសុខសាន្ត នឹងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ 20រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ 21ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
Currently Selected:
២ ពង្សាវតារក្សត្រ 20: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.