YouVersion Logo
Search Icon

១ ធីម៉ូថេ 6

6
1រីឯ​អស់​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បំរើ​គេ នោះ​ត្រូវ​រាប់​ចៅហ្វាយ​ខ្លួន ទុក​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​គ្រប់​យ៉ាង​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ នឹង​សេចក្ដី​បង្រៀន​នេះ​ឡើយ 2ហើយ​អ្នក​ណា​ដែល​មាន​ចៅហ្វាយ​ជា​អ្នក​ជឿ នោះ​មិន​ត្រូវ​មាន​ចិត្ត​មើល‌ងាយ​ដល់​ចៅហ្វាយ​នោះ ដោយ​ព្រោះ​ជា​បង​ប្អូន​គ្នា​ទេ តែ​ស៊ូ​បំរើ​វិញ ដោយ​ព្រោះ​ចៅហ្វាយ​នោះ​ជា​អ្នក​ជឿ ហើយ​ជា​ស្ងួន‌ភ្ងា​ដែរ ជា​អ្នក​ដែល​ចំរើន​ឡើង ដោយ​ការ​បំរើ​យ៉ាង​ល្អ​នោះ​ឯង ចូរ​ឲ្យ​អ្នក​បង្រៀន​សេចក្ដី​ទាំង​នេះ ហើយ​ទូន្មាន​គេ​ចុះ។
3បើ​អ្នក​ណា​បង្រៀន​ពី​សេចក្ដី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សំដី​ដែល​ត្រឹម‌ត្រូវ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នឹង​ជា​សេចក្ដី​បង្រៀន​ដែល​ត្រឹម‌ត្រូវ តាម​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទេ 4អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ‌ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ នឹង​សេចក្ដី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ 5ជា​សេចក្ដី​ជំលោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្ដី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កំរៃ 6តែ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់‌ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន 7ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ 8តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក‌បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ 9ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក‌ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន‌វិនាស នឹង​សេចក្ដី​អន្តរ‌ធាន​វិញ 10ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង‌លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។
11តែ ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់‌ខ្ជួន នឹង​សេចក្ដី​សំឡូត​វិញ 12ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្ដី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​‌កល្ប​ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ 13ខ្ញុំ​ផ្តាំ​មក​អ្នក នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​គ្រប់​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា 14ឲ្យ​អ្នក​កាន់​តាម​បញ្ញត្ត​បែប​ដែល​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​លេច​មក 15ដែល​ព្រះ​នឹង​សំដែង​ឲ្យ​ឃើញ​ទ្រង់ ក្នុង​វេលា​កំណត់ គឺ​ជា​ស្តេច​ចក្រ​តែ​១​ព្រះ‌អង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ 16ក៏​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម នឹង​ព្រះ‌ចេស្តា នៅ​អស់​‌កល្ប​ជានិច្ច អាម៉ែន។
17ចូរ​ហាម‌ប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ 18ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង 19យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច។
20ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ នឹង​ពាក្យ​ទទឹង‌ទទែង​នៃ​សេចក្ដី​ដែល​ក្លែង​ហៅ​ថា ចំណេះ​វិជ្ជា​ផង 21ដែល​មាន​មនុស្ស​ខ្លះ​ប្រកាន់ ក៏​បាន​ជ្រួស​ពី​សេចក្ដី​ជំនឿ​ចេញ​ហើយ។
សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy