១ របាក្សត្រ 10
10
1រីឯពួកភីលីស្ទីន គេច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែល ក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនចេញ គេដួលស្លាប់នៅលើភ្នំគីលបោ 2ពួកភីលីស្ទីនក៏ដេញតាមសូល នឹងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ នឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ 3ចំបាំងនោះបានប្រែជាសាហាវណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានសេចក្ដីវេទនាដោយព្រោះគេ 4ដូច្នេះ សូលមានបន្ទូលទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកមើលងាយអញ តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ 5រួចកាលអ្នកកាន់គ្រឿងសស្ត្រាវុធទ្រង់ បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ 6គឺយ៉ាងនោះ ដែលសូល នឹងបុត្រាទ្រង់ទាំង៣ ព្រមទាំងពួកវង្សទ្រង់ទាំងអស់ បានស្លាប់ទៅជាមួយគ្នា។
7កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំបានឃើញថា ពួកពលបែករត់ទៅ ហើយថា សូល នឹងពួកបុត្រាទ្រង់បានសុគតហើយ នោះគេលះចោលទីក្រុងរបស់គេ រត់ទៅដែរ រួចពួកភីលីស្ទីនបានមកអាស្រ័យនៅក្នុងទីក្រុងទាំងនោះ 8ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ ពីខ្មោចទាំងនោះ ក៏ឃើញសពសូល នឹងបុត្រាទ្រង់ទាំង៣ ដែលបានដួលសុគត នៅលើភ្នំគីលបោ 9រួចគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ នឹងគ្រឿងសស្ត្រាវុធទ្រង់ ចាត់គេឲ្យនាំដំណឹងទៅឯស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ នឹងពួកបណ្តាជនផង 10គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ ក្នុងព្រះវិហារនៃព្រះដាកុន 11កាលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើដល់សូល 12នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល នឹងពួកបុត្រាទ្រង់ នាំត្រឡប់ទៅឯក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់៧ថ្ងៃ។
13ដូច្នេះ សូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយដោយព្រោះទ្រង់បានសួរទំនាយនឹងស្រី ជាគ្រូខាប 14ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះធ្វើឲ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
Currently Selected:
១ របាក្សត្រ 10: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.