ពេលគេបរិភោគរួចហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូន-ពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យចំណីកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។