នៅគ្រានោះម៉ូសាពេញវ័យហើយ។ គាត់ទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់គាត់ ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ ម៉ូសាក៏ឃើញជនជាតិអេស៊ីបម្នាក់កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់គាត់ដែរ។ ម៉ូសាងាកមើលឆ្វេងស្តាំឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។