លោកុប្បត្តិ 7
7
លោកណូអេចូលក្នុងទូកធំ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។ 2ចូរនាំសត្វប្រាំពីរគូពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធ មក គឺយកឈ្មោល និងញី ចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ 3ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល 4ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឲ្យភ្លៀងបង្អុរចុះមកលើផែនដី ក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី»។ 5លោកណូអេបានធ្វើតាមសព្វគ្រប់ទាំងអស់ ដូចព្រះអម្ចាស់បង្គាប់។
6នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។
7 លោកណូអេបានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសាស្រីរបស់លោក ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។ 8មានសត្វទាំងឡាយពីចំណោមសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី 9ទាំងគូៗ មានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយលោកណូអេ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ។
10ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។ 11 ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ 12ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។ 13នៅថ្ងៃដដែលនោះ លោកណូអេ កូនប្រុសរបស់លោក គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសាស្រីទាំងបីរបស់លោកនាំគ្នាចូលទៅក្នុងទូកធំ។ 14សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មានតាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាបក៏ចូលជាមួយដែរ។ 15សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកលោកណូអេនៅក្នុងទូកធំ 16គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។
17ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំឲ្យអណ្ដែតឡើងផុតពីដី។ 18ទឹកជន់កាន់តែខ្លាំងឡើងៗ កម្ពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្ដែតពីលើផ្ទៃទឹក។ 19ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ 20ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ 21សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ 22អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ 23ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។ 24ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។
Цяпер абрана:
លោកុប្បត្តិ 7: គខប
Пазнака
Падзяліцца
Капіяваць
Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
Khmer Standard Version © 2005 United Bible Societies.