លោកុប្បត្តិ 6
6
ទឹកជំនន់ធំ
ព្រះជាម្ចាស់សម្រេចដាក់ទោសមនុស្សលោក
1 មនុស្សលោកចាប់ផ្ដើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។ 2កូនប្រុសៗរបស់ព្រះជាម្ចាស់ ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកម្រិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
4 សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលកូនប្រុសៗរបស់ព្រះជាម្ចាស់ នាំគ្នាមកយកកូនស្រីៗរបស់មនុស្សធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវីរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។
5 ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលម្អៀងទៅប្រព្រឹត្តអំពើអាក្រក់។ 6ព្រះអម្ចាស់នឹកស្ដាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហឫទ័យ។ 7ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោក ដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្ដាយដោយបានបង្កើតគេមក»។
8ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។
ព្រះជាម្ចាស់រក្សាទុកក្រុមគ្រួសារលោកណូអេ
9 នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។
10លោកណូអេបានបង្កើតកូនប្រុសបីនាក់ ឈ្មោះសិម ហាំ និងយ៉ាផេត។
11គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ 12ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។ 13ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
14ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ 15អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ 16អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កម្ពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ 17រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ 18ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ 19អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្ដាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឲ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ 20សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីឲ្យបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក សត្វលូនវារនៅលើដី។ 21អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារសម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។ 22 លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។
المحددات الحالية:
លោកុប្បត្តិ 6: គខប
تمييز النص
شارك
نسخ
هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
Khmer Standard Version © 2005 United Bible Societies.